ក្រុមប្រឹក្សាភិបាល

 

លោក លីសុភ័ក្តិ

ប្រធានក្រុមប្រឹក្សាភិបាល


លោក លី សុភ័ក្តិ​ កំពុងសិក្សាបន្ត​ លើកម្មវិធី​ ACCA/CPA​ ពី​ Cam-Ed​ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ គណនេយ្យ​ ពី​វិទ្យា​ស្ថាន​បច្ចេក​វិទ្យា​និងគ្រប់គ្រង​ ក្នុងឆ្នាំ ២០០៦​។​ លោក លី សុភ័ក្តិ​ បានចូលរួម វគ្គបណ្តុះបណ្តាល​ជា​ច្រើន​ ទាំង​ក្នុង​ប្រទេស​ និង​ក្រៅ​ប្រទេស​។​ លោក លី សុភ័ក្តិ​ មានបទពិសោធន៍ច្រើន​ជាង​ ១៤ឆ្នាំ​ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​។​ លោក លី សុភ័ក្តិ​ បាន​ចាប់​ផ្តើម​ អាជីពការងារ​ តាំងពីខែ​ មិថុនា​ ឆ្នាំ២០០៣​ ជាមួយ​ នឹងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​មួយ​ ក្នុង​តួនាទី​ផ្សេង​ៗ​គ្នា​ ដូច​ជា​ គណនេយ្យករ​ មន្រ្តីត្រូតពិនិត្យ​ ហិរញ្ញវត្ថុ​ មន្រ្តីជាន់ខ្ពស់ត្រួតពិនិត្យហិរញ្ញវត្ថុ​ នាយករង​ នាយកដ្ឋានហិរញ្ញវត្ថុ​ និង​ នាយក​ នាយក​ដ្ឋានប្រតិបត្តិការ​។​ ក្នុងខែមករា​ ឆ្នាំ២០១៤​ លោក លី សុភ័ក្តិ​ មាន​តួនាទី​ជា​ អគ្គនាយក​ នៃ​អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា​។​ បច្ចុប្បនេះ​ លោក លី សុភ័ក្តិ​ ជាស្ថាបនិក​ និងជាប្រធាននាយកប្រតិបត្តិ​ នៃគ្រឹះស្ថាន​ វិថី​ ម៉ាយក្រូហ្វាយនែន ម.ក។​

 

លោក ហេង ចេង

អនុប្រធានក្រុមប្រឹក្សាភិបាល

ជាជនជាតិខ្មែរ​ កើតនៅថ្ងៃទី​ ០២​ ខែកុម្ភៈ​ ឆ្នាំ១៩៤៧​។​ បច្ចុប្បន្ន​ លោក​ មាន​មុខងារ​ជាអភិបាល​ នៃ​ វិថី​ម៉ាយក្រូហ្វាយ​នែន​​ម.ក​, ជា​សមាជិកក្រុមប្រឹក្សាភិបាល នៃអង្គការស្ថាបនាសហគមន៍កម្ពុជា និងជាទីប្រឹក្សា​គណកម្មា​ភិបាល​ប្រិយ​សម្ព័ន្ធ​គ្រិស្ទ​បរិស័ទ​កម្ពុជា​។​ លោក​ ហេង ចេង​ បាន​​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​​ជា​ច្រើន​​ទាំង​ក្នុង​​ប្រទេស​​ និង​​ក្រៅ​​ប្រទេស​​ លើ​​ការ​​អភិវឌ្ឍន៍​​អ្នកដឹកនាំ​​ វិជ្ជា​​គ្រប់គ្រង​​មនុស្ស​​ និង​​បទគម្ពី​គ្រឹស្ត​​សានា​​ជាដើម​​។​​

 

 

 

ឧកញ៉ា បណ្ឌិត ប៊ុន មុនី

អភិបាល និង ប្រធាននាយកប្រតិបត្តិ


លោក ឧកញ៉ា បណ្ឌិត ប៊ុន មុនី​ កើត​នៅឆ្នាំ​ ១៩៥៧​ ជា​ជន​ជាតិ​ខ្មែរ​ និង​សញ្ជាតិខ្មែរ​ ។​ លោក​ឧកញ៉ា​ បាន​ ចូល​រួម​ជា​សមាជិក​ក្រុម​ប្រឹក្សាភិបាល​ របស់​មីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ នៅក្នុងឆ្នាំ១៩៩៦​ និង​ បន្ទាប់មកត្រូវ​ បាន​ជ្រើស​រើស​ជា​ ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៅក្នុងឆ្នាំ២០០១​ ដល់​ឆ្នាំ២០១១​ ហើយ​ជាមួយ​គ្នា​នេះ​ លោក​បាន​បំរើ​ការ​ក្នុង​តំណែង​ជា​ ប្រធាន​អគ្គ​នាយក​ នៃ​គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ លីមីតធីត​។​ លោកឧកញ៉ា​ មាន​បទពិសោធន៍​ខាង​វិស័យហិរញ្ញវត្ថុ​ ជាង​ ២០​ឆ្នាំ​ ក្នុង​តំណែង​ ជា​អ្នក​គ្រប់គ្រងជាន់ខ្ពស់​ (នាយកប្រតិបត្តិ នាយក​ចាត់ការទូទៅ និង​ជា​ប្រធានអគ្គនាយក​)​ ដែល​ក្នុង​នោះ​លោក​ឧកញ៉ា​ ដើរ​តួជា​ នាយកប្រតិបត្តិ​ នៃអង្គការ​ស្ថាបនា​សហគមន៍កម្ពុជា​ ហៅកាត់ថា​ CCB​ ដែល​ជា​អង្គការ​ក្រៅរដ្ឋាភិបាល​ ផ្តល់​សេវាកម្ម​មីក្រូហិរញ្ញវត្ថុ​អស់រយៈពេល​ ៧ឆ្នាំ​ មុនពេលផ្លាស់ប្តូរ​តំណែង​ទៅ​ជា​ អគ្គនាយក​ នៃ​គ្រឹះស្ថាន​មី​ក្រូ​ហិរញ្ញវត្ថុ ស្ថាបនា​ សហគ្រិន​កម្ពុជា​ ដែលហៅកាត់ថា​ CEB​ នៅក្នុងឆ្នាំ​ ២០០២​ ដល់ឆ្នាំ​ ២០០៨​ និងក្លាយ​ ជា​ ប្រធាន​អគ្គនាយក​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ស្ថាបនា​ លីមីតធីត​ ក្នុងឆ្នាំ​ ២០០៨​ ដល់ឆ្នាំ​ ២០១៥​ និង​ ក្លាយ​ជា​ប្រធាន​អគ្គនាយក​ របស់​ធនាគារ​ស្ថាបនា​ ភីអិលស៊ី​ ក្នុង​ឆ្នាំ២០១៦​។​ លោក​ បាន​ដឹក​នាំ​ក្នុង​ការ​ ច្របាច់​បញ្ចូល​គ្នា​រវាង​ ស្ថាបនា​ មីក្រូហិរញ្ញវត្ថុ​ និង​ ម៉ារូ​ហាន់​ធនាគារ​ ជប៉ុន​ និង​ប្រែក្លាយទៅជា​ ធនាគារ​ ស្ថាបនា​ ភីអិលស៊ី​ ដោយចំណាយពេល​ ១៥ខែ​ ដរាប​ទទួល​បាន​ជោគជ័យ​។​ គិត​ត្រឹម​ខែ​វិច្ឆិកា​ឆ្នាំ​២០១៦​ ធនាគារ​ ស្ថាបនា​ មាន​ការិយាល័យ​សាខា​ចំនួន​ ១៦០​ នៅទូទាំងប្រទេស​ មាន​បុគ្គលិក​ចំនួន​​ ៣​៩១៣​​នាក់​​ ទ្រព្យសម្បត្តិសរុប​ ​ចំនួន​ ៩៤៤​លាន​ដុល្លារអាមេរិក​ មានប្រាក់ទុនដែល​អតិថិជន​នៅជំពាក់​ ចំនួន​ ៦០០​លាន​ដុល្លារ​ ជា​មួយ​ការសង​យឺតយ៉ាវមាន​តែ​១%​ប៉ុណ្ណោះ​ និងទទួលប្រាក់បញ្ញើរចំនួន​ ៥៨៣​លានដុល្លា​រ​អាមេរិក​ មាន​អតិថិជន​ខ្ចី​ទុន​ចំនួន​ ១៣០០០០នាក់​ និងអតិថិជនដាក់ប្រាក់ផ្ញើចំនួន​២០៥០០០នាក់។​​ លើស​ពី​នេះ​ លោក ​ក៏​បាន​បង្កើត​ស្ថាបនា​ លីមីតធីត ​មីក្រូហិរញ្ញវត្តុ​ នៅប្រទេសភូមា​ ក្នុងឆ្នាំ២០១៥​ ទទួល​បាន​ជោគជ័យ​។​ ឆ្នាំ​២០១៧ ​លោក​បាន​ចូល​រួម​បង្កើត​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្នុង​ស្រុកថ្មីមួយ​ មានឈ្មោះថា​ វិថី​ ម៉ាយក្រូហ្វាយនែន ម.ក​ នៅ​ក្នុង​ប្រទេសកម្ពុជា​ ដែល​រូប​លោក​ គឺ​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​។​ លោក​ឧកញ៉ា​ ក៏​ជា​អ្ន​ក​បង្កើត អង្គការ​ស្ថាបនាសហគមន៍​កម្ពុជា​ (CCB)​ ក្នុង​ឆ្នាំ​១៩៩៥​ និង​បង្កើត​ស្ថាបនាសហគ្រិន​ ក្នុង​ឆ្នាំ​២០០២​ បន្ទាប់​មក​បង្កើត​​ស្ថាបនា លីមីតធីត​ ក្នុង​ឆ្នាំ​២០០៨​ និង​ កសាង​ ធនាគារ​ ស្ថាបនា​ភីអិលស៊ី​ ក្នុងឆ្នាំ២០១៦​។​ លោកជាសមាជិសកម្មក្នុង​ ការបង្កើត​សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា​ ហើយ​លោក​បាន​ក្លាយ​ជា​ ប្រធានក្រុមប្រឹក្សាភិបាលដំបូង​ របស់​សមាគម​នេះ​ និង​បន្តមកទៀត​ចំនួនបួន​ អាណត្តិ គឺអាណត្តិទីមួយ​ក្នុងឆ្នាំ​ ២០០៤​ -​ ២០០៥​ អាណត្តិ​ ទីពីរគឺ​ ២០០៦​ -​ ២០០៧​ អាណត្តិទីបីគឺ​ ២០​១២​ -​ ២០១៣​ និង​ អាណត្តិទីបួន​ ២០១៤​ -​ ២០១៥​ ក្នុង​មួយ​អាណត្តិ​មាន​រយៈពេល​២ឆ្នាំ​ បច្ចុប្បន្ន​នេះ​លោក​ ជា​ទីប្រឹក្សារបស់​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​។​ លោកឧកញ៉ា​ បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​ផ្នែក​រដ្ឋបាលធុរកិច្ច​ ពីសកលវិទ្យាល័យ ជាតិគ្រប់គ្រង​ បានបញ្ចប់​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​រដ្ឋបាល​ធុរកិច្ច​ ពី​សាកលវិទ្យាល័យ​ Ultara​ នៃ​ប្រទេស​ម៉ាឡេស៊ី​ និង​បាន​បញ្ចប់​ថ្នាក់បណ្ឌិត​ ផ្នែករដ្ឋបាលធុរកិច្ច​ ពី​សាកល​វិទ្យាល័យ​ Preston​ នៃ​សហរដ្ឋអាមេរិក​។​ លោកឧកញ៉ា​ មានចំណូលចិត្ត​ ផ្នែកគណនេយ្យ​ ហិរញ្ញវត្ថុ​ និង​ការគ្រប់គ្រង​។​

   
លោក អ៊ាប ប៊ុនថាន

អភិបាលឯករាជ្យ

 

ជាជនជាតិខ្មែរ​ កើតនៅថ្ងៃទី​ ១១​ ខែវិច្ឆិកា​ ឆ្នាំ១៩៦៥​។ លោក​ បាន​បញ្ចប់ថ្នាក់​អនុបណ្ឌិត​ ផ្នែកគ្រប់គ្រង​ ពី​ សាកល​វិទ្យាល័យ​អន្តរជាតិភ្នំពេញ​ ក្នុងឆ្នាំ២០០៩​ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ​ ផ្នែកសេដ្ឋកិច្ច​ ពីវិទ្យាស្ថានសេដ្ឋកិច្ច​ក្នុង​ឆ្នាំ​១៩៩១​។​ លោក​ មាន​បទពិសោធន៍ច្រើនជាង​ ២៥ឆ្នាំ​ ជាមួយវិស័យធនាគារ​ និងហិរញ្ញវត្ថុ។​ ក្នុងឆ្នាំ​ ១៩៩២​ លោក​ បាន​ចាប់​ផ្តើម​អាជីព​ការងារ​ ជាមន្រ្តីឥណទាន​ ជាមួយ​ ធនាគារ​ កាណាឌីយ៉ា​ និងបានក្លាយជា​ អ្នកគ្រប់គ្រងនាយកដ្ឋាន​ រហូត​ដល់​ឆ្នាំ​ ១៩៩៥​។​ បន្ទាប់មកទៀតលោកបានចូលរួមជាមួយអង្គការ​អន្តរជាតិ​ CARE​ ជាប្រធានភ្នាក់ងារឥណទាន​។​ លោក​ ក៏​ជា​ស្ថាបនិក​ម្នាក់​ នៃសិលានិធិ​ ដែលបានប្តូរពី​ គម្រោង​​មួយរបស់​ ​CARE​ ទៅជាអង្គការក្នុងស្រុក​ (ប្រតិបត្តិការ​មីក្រូហិរញ្ញវត្ថុ​)​ ដែល​ លោក​មានតួនាទី​ ជានាយកហិរញ្ញវត្ថុ​ ក្នុងរយៈពេល​ ៦ឆ្នាំ​។​ ក្នុងឆ្នាំ​ ២០០២​ លោក​ បាន​បម្រើ​ការ​ជា​មួយ​គម្រោង​ប្រាសាក់​ ដែលប្តូរពីគម្រោង​ EU ទៅជាគ្រឹះ​ស្ថាន​មីក្រូហិរញ្ញវត្ថុ​ ក្នុងព្រះរាជាណាចក្រកម្ពុជា​។​ លោក​ ត្រូវ​បាន​ជ្រើស​រើស​ ជា​នាយកហិរញ្ញវត្ថុ​ ដោយ​ ស្ថាបនា​ លីមីតធីត​ ក្នុងខែ​មិនា​ ឆ្នាំ២០០៦​ ហើយ​ត្រូវ​បាន​តម្លើង​ដំណែង​ ជា​នាយក​ប្រតិបត្តិ​ហិរញ្ញវត្ថុ (CFO)​ ក្នុងខែមករា​​ ឆ្នាំ២០១៣​។​

 លោកបណ្ឌិត អ៊ួង គឹមសេង

អភិបាលឯករាជ្យ 
 

ជាជនជាតិខ្មែរ​ កើតក្នុងឆ្នាំ១៩៧២​។​ លោកបានចូលរួមក្នុងក្រុមប្រឹក្សាភិបាល​ក្នុង​ឆ្នាំ​ ២០០០​។​ បច្ចុប្បន្ន​ លោក​ មាន​មុខ​ងារ​ជា​អភិបាល​ឯករាជ្យ​ នៃ​ វិថី​ ម៉ាយក្រូហ្វាយនែន​ ម.ក, ជាប្រធានក្រុមប្រឹក្សាភិបាល​ នៃ​ Mega​ Fund​ Limited,​ ជា​ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​ Mega​ Leasing Plc.​,​ ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ USK Investment Group Co.​,Ltd​,​ និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ នៃ​ Chenla Finance Plc.​។​

លោកបណ្ឌិត​ ធ្លាប់ជា​ភាគទុនិក​ ប្រធានក្រុមប្រឹក្សាភិបាល​ និង​ជា​ប្រធាន​នាយក​ប្រតិបត្តិ​ នៃ​ Maxima Microheranhvatho Plc.​ តាំងពីឆ្នាំ​ ២០០០​។​ លោកបណ្ឌិត អ៊ួង គឹមសេង​ ទទួល​បាន​សញ្ញា​ប័ត្រ​បណ្ឌិត​គ្រប់គ្រងធុរកិច្ច​ (DBA) ផ្នែកគ្រប់គ្រងហិរញ្ញវត្ថុ​ ពីសាកលវិទ្យាល័យ​ Preston University​ សហរដ្ឋអាមេរិក​ ក្នុង​ឆ្នាំ​២០០៥​។​ នៅក្នុងឆ្នាំ២០០១​ លោក​ បានទទួលអាហារូបករណ៍​ ពីរដ្ឋាភិបាលអូស្រ្តាលី​ ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់​អនុបណ្ឌិត​ នៅ​សាកលវិទ្យាល័យ​ Victoria University of Technology​​ហើយ​បាន​ទទួល​សញ្ញាប័ត្រ​អនុបណ្ឌិត​គ្រប់គ្រងធុរកិច្ច​ (MBA)​ នៅ​ក្នុង​ឆ្នាំ២០០៣​។​ ក្នុងឆ្នាំ១៩៩៥​ លោក​ បានទទួលបរិញ្ញាប័ត្រ​គ្រប់គ្រងធុរកិច្ច​ (BBA)​ ពីមហាវិទ្យាល័យ​ពាណិជ្ជសាស្រ្ត​ ប្រទេស​កម្ពុជា​។​

   

លោក ស៊ុំ សាកល

អភិបាល

 

លោក ស៊ុំ សាកល​ បានបញ្ចប់ថ្នាក់​បរិញ្ញាបត្រគ្រប់គ្រង​ ពីសាកលវិទ្យាល័យជាតិគ្រប់គ្រង​ ក្នុងឆ្នាំ២០០២​ និង​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់សវនកម្ម​ ពីវិទ្យាស្ថានវាន់ដា​ ក្នុងឆ្នាំ២០១០​។​ លោក ស៊ុំ សាកល​ មាន​បទពិសោធន៍​ច្រើន​ជាង​ ១៥ឆ្នាំ​ ក្នុងវិស័យមីក្រូហិរញ្ញវត្ថុ​។ លោក ស៊ុំ សាកល​ បានចាប់ផ្តើមអាជីពការងារ​ ដំបូងជាមួយ​ អង្គការក្រៅ​រដ្ឋាភិបាល​មួយ​ តាំងពី​ ឆ្នាំ១៩៩៨​ ក្នុងតួនាទីជា​បេឡាករ​។​ ក្នុងឆ្នាំ២០០១​ លោក​ ត្រូវ​បាន​តម្លើងតួនាទីជា​ គណនេយក្យករ​​ នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​មួយ​ និង​ត្រូវ​បាន​ដំឡើង​ដំណែងជា​ មន្រ្តីសវនកម្ម​ ក្នុងឆ្នាំ២០០៧​។​ ក្នុងឆ្នាំ ២០១១​ លោក ស៊ុំ សាកល​ ត្រូវ​បាន​ដំឡើងដំណែង​ ជា​មន្រ្តីជាន់ខ្ពស់ប្រតិបត្តិការ​ និងដើមឆ្នាំ២០១២​ លោក​ ត្រូវបានដំឡើងដំណែង​ជា​ នាយករង​ នាយក​ដ្ឋាន​ប្រតិបត្តិការ​។​

ក្នុងដើមឆ្នាំ២០១៤​ លោក​ បានក្លាយជា​ នាយក​ នាយកដ្ឋាន​ប្រតិបត្តិការ​នៅ​ក្នុង​ អង្គការ​ស្ថាបនា​សហគមន៍​កម្ពុជា​ ហើយ​ក្នុង​ដើម​ឆ្នាំ​២០១៧​ លោក​ ស៊ុំ សាកល​ បានចូលរួមជាមួយ​ វិថី​ ម៉ាយក្រូហ្វាយនែន ម.ក​ ក្នុងតួនាទីជា​​ នាយក​ នាយក​ដ្ឋាន​សវនកម្ម​ផ្ទៃក្នុង​។​